
អភិបាលស្រុកវាលវែង ចុះពិនិត្យការសាងសង់ផ្លូវថ្មើរជើង និងស្ដារលូរំដោះទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង អមដំណើរដោយលោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយកស្តីទី លោកប្រធានការិយាល័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវថ្មើរជើង និងការស្ដារលូរំដោះទឹក នៅក្នុងទីប្រជុំជនស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឱ្យបានស្អាតល្អ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន ដែលនឹងរួមចំណែកលើកស្ទួយជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕











