
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងមមាញឹកផលិត និងផ្សព្វផ្សាយព័ត៌មាន ពីព្រឹត្តិការណ៍សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» បាននិងកំពុងទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកអនុគណៈកម្មការព័ត៌មានផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភា និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ខណៈពេលនេះ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបប្រមាណ ២០០នាក់ កំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងមមាញឹកបំផុតនៅក្នុងមណ្ឌលព័ត៌មាន (Media Center) ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មាន ពីព្រឹត្តិការណ៍នយោបាយ និងការទូតដ៏មានសារៈសំខាន់មួយនេះ ទៅកាន់ពិភពលោក។











