
សមាគមមិត្តឱសថនិស្សិត និងឱសថការីខ្មែរ នៅប្រទេសបារាំង ហៅកាត់ថា AEPK ខួប៥០ឆ្នាំ បន្តបេសកកម្មមនុស្សធម៌ នៅខេត្តបាត់ដំបង ផ្សារភ្ជាប់សាមគ្គីភាពខ្មែរ-បារាំង
បាត់ដំបង៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សមាគមមិត្តឱសថនិស្សិត និងឱសថការីខ្មែរ នៅប្រទេសបារាំង ហៅកាត់ថា AEPK បានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន រៀបចំបេសកកម្មមនុស្សធម៌ ដោយផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ រស់នៅឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ កម្មវិធីនេះ រៀបចំឡើង នៅបរិវេណសាលាបឋមសិក្សាថ្លុកសង្កែ ដោយមានការអញ្ជើញចូលរួម ពីលោកឱសថបណ្ឌិត គួច វិត្យា ប្រធានសមាគម AEPK, លោកស្រីឱសថបណ្ឌិត អ៊ឹង កន្ថាប៊ូមី, លោកសាស្ត្រាចារ្យ ប៊ុន ហ៊ត, លោកស្រីឱសថបណ្ឌិត ណុប សុន្ថារី និងសហការី ព្រមទាំងមានការសម្របសម្រួលពីលោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរស្រុកសំពៅលូនជាច្រើនរូបទៀត។











