
ភ្ញៀវទេសចរជិត១៣ម៉ឺននាក់ បានមកសម្រាកលម្ហែកម្សាន្ត នៅខេត្តបាត់ដំបង ខណៈការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
បាត់ដំបង ៖ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត១៣ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បើធ្វើការប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង ឆ្នាំនេះ មានការកើនឡើង ប្រមាណជាង៤% ។ នេះបើតាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Digital Telegram ដោយលោក បានបង្ហើបឱ្យដឹងថា កំណើនភ្ញៀវទេសចរមានការកើនឡើងនេះ បានបង្ហាញពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តបាត់ដំបងជាច្រើនរហូតដល់ជាង១០០ទីតាំង ខណៈការរៀបចំសេវាស្នាក់នៅ សន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ក៏ប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ ។











