
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំជំរុញការផ្តល់សេវាតាមច្រកចេញចូលតែមួយ ត្រួតពិនិត្យសំណង់អត់ច្បាប់ និងជំរុញការចែកវិញ្ញាបនបត្រដីធ្លីជូនប្រជាពលរដ្ឋ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់ការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា ត្រូវបញ្ជៀសឱ្យបានកុំឱ្យនៅកកស្ទះឯកសារ នៅពេលដែលប្រជាពលរដ្ឋបានមកស្នើសុំក្នុងការផ្ដល់សេវា តាមយន្តការការិយាល័យច្រកចេញចូលតែមួយ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្តល់សេវាតាមយន្តការច្រក ចេញចូលតែមួយខេត្ត កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់អត់ច្បាប់ និងកិច្ចប្រជុំការជំរុញការងារចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្សារប្រជុំសាលាខេត្តកណ្ដាល។








