
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះស្រាវជ្រាវ បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលចំនួន ០៤ទីតាំង ក្នុងក្រុងបាវិត
ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល ជំនាញ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតដឹកនាំដោយលោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការសម្របសម្រួលពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល ចំនួន ០៤ទីតាំង ស្ថិតនៅភូមិបាវិតកណ្តាល និងភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត។











