
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាសមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ដោយសន្តិវិធី និងជួយធានាសន្តិសុខថាមពលក្នុងតំបន់
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្វាគមន៍ការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ស្របតាមអនុសញ្ញា UNCLOS ដោយមានការឯកភាពពីភាគីពាក់ព័ន្ធ។ នេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលផ្តើមដោយកម្ពុជា ដើម្បីដោះស្រាយខ្វែងគំនិតគ្នានិងស្វែងរកកិច្ចព្រមព្រៀងលើដែនសមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ននៅតំបន់ទាមទារជាន់គ្នានៃដែនសមុទ្រ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះផ្សារំពឹងថានឹងបន្តការងារទៅមុខ ដោយមានការជួបប្រជុំលើកដំបូងស្ដីពីនីតិវិធីរបស់ខ្លួន នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕











