
ក្រសួងព័ត៌មានណែនាំឱ្យពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារសិទ្ធិស្ត្រី
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសត្រូវ និងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាអសីលធម៌ អាសអាភាស ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ឬល្មើសច្បាប់។ ក្រសួងនឹងអនុវត្តវិធានការរដ្ឋបាលដូចជា ការអប់រំ ការណែនាំ ការតម្រូវឱ្យកែតម្រូវ ឬលុបមាតិកាចោល ការព្យួរ/ដកហូតអាជ្ញាបណ្ណ និងការផ្អាកគណនីបណ្តាញសង្គមជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ឬមានបទល្មើស ក្រសួងនឹងបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងក៏បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់មាតិកាវិជ្ជមាន និងរក្សាសីលធម៌សង្គម។











