
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ ទី១៨ សីហា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តរហូតដល់ ១៥.០០០ គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតឱកាសការងាររាប់រយកន្លែង ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញ និងជំរុញការរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។











