
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ តំបន់អូរស្មាច់ ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជាហើយរាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិត គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានប្រកាសថា ក្រសួងព័ត៌មានសូមតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។








