
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ ដើម្បិរុញច្រានការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ដើម្បីពិភាក្សា និងអនុម័តលើការងារអភិវឌ្ឍន៍សំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ។ ថ្នាក់ដឹកនាំប្រជុំដឹកនាំដោយ លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង និង លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុងប្រឹក្សាក្រុង, ប្រធានការិយាល័យច្រកចេញចូលតែមួយ, ព្រមទាំងប្រធានការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញក្រុង។ កិច្ចប្រជុំបានផ្តោតលើការពិគ្រោះយោបល់ និងអនុម័តរបៀបវារៈសំខាន់ៗ ដើម្បីតម្រង់ទិសការងារអភិវឌ្ឍន៍ក្រុងឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕











