
ថ្នាក់ដឹកនាំស្រុកកណ្ដៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ពោធិ៍សាត់៖ ស្រុកកណ្ដៀងបានរៀបចំពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ឃុំទូទាំងស្រុក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុកកណ្ដៀង និងលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់សមាគមនៅតាមមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ មើលថែទាំសុខទុក្ខ និងផ្តល់សេវាគាំពារនានាជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ថ្នាក់ដឹកនាំស្រុកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាសភាពថ្មី និងបានជំរុញឱ្យសមាជិកទាំងអស់ជួយជ្រោមជ្រែង ដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជននៅតាមឃុំនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់៕








