
រដ្ឋបាលស្រុកតាលោសែនជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ នាព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដានរាល់លទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបាន ពិភាក្សាលើបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកបានណែនាំ និងជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងលឿនរហ័ស៕








