
សមាគមនារីខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនក្មេងកំព្រាគ្មានទីពឹង ៣នាក់បងប្អូន នៅស្រុកអូររាំង
មណ្ឌលគិរី ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសមាជិកាថ្នាក់ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជូនដល់គ្រួសារក្មេងកំព្រាគ្មានទីពឹងចំនួន ៣នាក់បងប្អូន ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្មេងកំព្រាទាំង ៣នាក់បងប្អូន រស់នៅក្នុងស្ថានភាពគួរឱ្យសង្វេគជាពន់ពេក ៖ កូនទី១ (អាយុ ១៥ឆ្នាំ)៖ មានជំងឺប្រចាំកាយ និងពិការខ្សោយបញ្ញា មិនអាចជួយធ្វើការងារអ្វីបានឡើយ។ កូនទី២ (អាយុ ១៤ឆ្នាំ)៖ កំពុងសិក្សាថ្នាក់ទី៨ នៅសាលារៀន តែជារៀងរាល់ថ្ងៃត្រូវបីប្អូនតូចទៅរៀនជាមួយ ព្រោះនៅផ្ទះគ្មានអ្នកនៅមើលថែ។ កូនទី៣ (អាយុ ៣ឆ្នាំ)៖ នៅតូចខ្លាំង រស់ក្រោមការបីបាច់ថែរក្សារបស់បងប្រុស/ស្រី។ ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ ក្រុមការងារសមាគមនារីបានឧបត្ថម្ភនូវថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត។











